គោលការណ៍និងនីតិវិធីនៃការផ្ទៀងផ្ទាត់គណនី

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គោលការណ៍ និងនិតិវិធីនៃការផ្ទៀងផ្ទាត់គណនី Channel របស់ CoolApp
(គោលការណ៍សញ្ញាបញ្ជាក់ពណ៌ខៀវតែមួយគត់ – Single Blue Verified Badge Policy)

១. គោលបំណង (Purpose)

កម្មវិធីផ្ទៀងផ្ទាត់គណនី (Verification Program) នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងធានានូវសន្តិសុខ ទំនុកចិត្ត និងភាពត្រឹមត្រូវនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានលើកម្មវិធី CoolApp Channels នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គោលការណ៍នេះមានគោលដៅ៖

  • បញ្ជាក់ភាពត្រឹមត្រូវ និងអត្តសញ្ញាណពិតប្រាកដរបស់ម្ចាស់ Channel ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់។
  • ទប់ស្កាត់ការបង្កើតគណនីក្លែងបន្លំ ការលួចអត្តសញ្ញាណ និងការឆបោក ឬការផ្សព្វផ្សាយព័ត៌មានមិនពិត។
  • ជួយអ្នកប្រើប្រាស់ក្នុងការស្វែងរក និងទទួលបានព័ត៌មានពីប្រភពផ្លូវការ និងគួរឱ្យទុកចិត្តបំផុត។
  • គាំទ្រដល់ការប្រាស្រ័យទាក់ទងឌីជីថលផ្លូវការរបស់ស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការសង្គមស៊ីវិល។

២. គោលការណ៍សញ្ញាបញ្ជាក់ពណ៌ខៀវតែមួយគត់ (Single Blue Verified Badge Policy)

ដើម្បីធានានូវភាពសាមញ្ញ ភាពស៊ីសង្វាក់គ្នា និងកាត់បន្ថយភាពស្មុគស្មាញសម្រាប់អ្នកប្រើប្រាស់ CoolApp សម្រេចអនុវត្តនូវ «សញ្ញាបញ្ជាក់ពណ៌ខៀវ (Blue Verified Badge / Blue Tick)» តែមួយគត់គ្រប់ប្រភេទសម្រាប់គ្រប់ស្ថាប័ន ឬបុគ្គលសាធារណៈ បើទោះបីជាស្ថិតក្នុងលក្ខណៈ ឬប្រភេទអង្គភាពណាក៏ដោយ។ គ្រប់គណនីដែលបានផ្ទៀងផ្ទាត់ជោគជ័យនឹងទទួលបានសញ្ញាពណ៌ខៀវដូចគ្នាទាំងអស់ ដោយបែងចែកទៅតាមក្រុមអ្នកស្នើសុំដូចខាងក្រោម៖

  • ក. ផ្នែកស្ថាប័នរដ្ឋ និងរដ្ឋបាលសាធារណៈ (Government & Public Agencies): សម្រាប់ក្រសួង-ស្ថាប័នរដ្ឋ ទីភ្នាក់ងាររដ្ឋបាលថ្នាក់ក្រោមជាតិ (រាជធានី-ខេត្ត) សហគ្រាសសាធារណៈ និងអង្គការអន្តរជាតិ។
  • ខ. ផ្នែកក្រុមហ៊ុន អាជីវកម្ម និងអង្គការសង្គមស៊ីវិល (Organizations, Businesses & NGOs): សម្រាប់ក្រុមហ៊ុនពាណិជ្ជកម្មដែលបានចុះបញ្ជីស្របច្បាប់ អង្គការក្រៅរដ្ឋាភិបាល (NGOs) សមាគម គ្រឹះស្ថានអប់រំ/សាលារៀន និងអង្គការសាសនា។
  • គ. ផ្នែកបុគ្គលសាធារណៈ និងអ្នកផលិតមាតិកា (Public Figures & Content Creators): សម្រាប់មន្ត្រីជាន់ខ្ពស់ អ្នកសារព័ត៌មាន សិល្បករ អត្តពលិក វាគ្មិន អ្នកមានឥទ្ធិពលលើបណ្តាញសង្គម (Influencers) និងអ្នកផលិតមាតិកាឌីជីថលដែលមានប្រជាប្រិយភាព និងមានអត្តសញ្ញាណពិតប្រាកដ។

៣. លក្ខខណ្ឌតម្រូវជាមូលដ្ឋាន (Eligibility Requirements)
  • ភាពពិតប្រាកដ (Authentic): ត្រូវតំណាងឱ្យបុគ្គល ស្ថាប័ន ឬក្រុមហ៊ុនពិតប្រាកដដែលមានស្របច្បាប់ និងអត្តសញ្ញាណពិតប្រាកដ។
  • សកម្មភាពជាប្រចាំ (Active): Channel ត្រូវតែមានរូបតំណាង (Profile) អោយបានច្បាស់លាស់។
  • តែមួយគត់ (Unique): បុគ្គល ឬស្ថាប័នមួយ អាចមាន Channel ដែលទទួលបានសញ្ញាបញ្ជាក់ពណ៌ខៀវតែមួយគត់ (លើកលែងតែមានម៉ាកយីហោរង ឬសាខាដាច់ដោយឡែក)។

៤. ឯកសារតម្រូវជាក់លាក់ (Supporting Documents Requirements)
  • សម្រាប់ក្រុមហ៊ុនពាណិជ្ជកម្ម៖ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម (Certificate of Incorporation) និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនអ្នកតំណាងស្នើសុំ។
  • សម្រាប់អង្គការក្រៅរដ្ឋាភិបាល (NGOs) និងសមាគម៖ លិខិតទទួលស្គាល់អង្គការ ឬសមាគមន៍ ចេញដោយក្រសួងមហាផ្ទៃ ឬក្រសួងការបរទេស ឬលិខិតចាត់តាំងតំណាងស្របច្បាប់ផ្លូវការ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនអ្នកតំណាងស្នើសុំ។
  • សម្រាប់គ្រឹះស្ថានអប់រំ / សាលារៀន៖ លិខិតអនុញ្ញាតដំណើរការ ឬអាជ្ញាបណ្ណពីក្រសួងអប់រំ យុវជន និងកីឡា រួមទាំងលិខិតចាត់តាំងផ្លូវការពីនាយកសាលាដែលមានបោះត្រាត្រឹមត្រូវ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនអ្នកតំណាងស្នើសុំ។
  • សម្រាប់ស្ថាប័នរដ្ឋាភិបាល៖ លិខិតស្នើសុំជាផ្លូវការ ដែលមានចុះហត្ថលេខា និងបោះត្រាដោយថ្នាក់ដឹកនាំស្ថាប័ន ឬប្រធានអង្គភាពសាមី (ប្រសិនបើមាន) និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬប័ណ្ណសម្គាល់មន្ត្រីរាជការ អ្នកតំណាងស្នើសុំ។
  • សម្រាប់បុគ្គលសាធារណៈ៖ រូបថត និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនអ្នកស្នើសុំ។

៥. នីតិវិធីនៃការផ្ទៀងផ្ទាត់ (Verification Procedure)
  • ជំហានទី១ (ដាក់ពាក្យ)៖ អ្នកស្នើសុំបំពេញទម្រង់បែបបទ ផ្តល់តំណភ្ជាប់ Channel URL ព័ត៌មានទំនាក់ទំនង និងភ្ជាប់ឯកសារយោងជាក្រដាសស្នាម។
  • ជំហានទី២ (ពិនិត្យបឋម)៖ ប្រព័ន្ធស្វ័យប្រវត្តិនឹងពិនិត្យមើលភាពជាន់គ្នានៃឈ្មោះ ការបំពានគោលការណ៍ និងកម្រិតសកម្មភាពរបស់ Channel។
  • ជំហានទី៣ (ពិនិត្យអនុលោមភាព)៖ ក្រុមការងារផ្ទៀងផ្ទាត់ (Compliance Team) ពិនិត្យឯកសារក្រដាសស្នាម ត្រា និងហត្ថលេខាដោយដៃផ្ទាល់។
  • ជំហានទី៤ (ការផ្តល់សញ្ញា)៖ រយៈពេលផ្តល់ជូនពី២៤ម៉ោងដល់៧២ម៉ោង។ គណនីដែលទទួលបានការអនុម័តជោគជ័យ នឹងបង្ហាញសញ្ញាបញ្ជាក់ពណ៌ខៀវ (Blue Verified Badge) នៅលើឈ្មោះ Channel។
  • ការដកហូត (Revocation)៖ CoolApp រក្សាសិទ្ធិដកហូតសញ្ញាពណ៌ខៀវវិញភ្លាមៗ បើរកឃើញឯកសារក្លែងក្លាយ គណនីត្រូវលួច ឬបំពានច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

៦. គោលការណ៍ និងការផ្ទៀងផ្ទាត់ (Policy & Reverification)

ការស្នើសុំផ្ទៀងផ្ទាត់ដើម្បីទទួលបានសញ្ញាពណ៌ខៀវនេះគឺធ្វើឡើងដោយ ឥតគិតថ្លៃ (FREE) ទាំងស្រុង ដើម្បីលើកទឹកចិត្តដល់ការចូលរួមរបស់ស្ថាប័ន និងបុគ្គលនានា ដើម្បីលើកស្ទួយស្នាដៃផលិតផលខ្មែរ។